បើតាមកាសែត Journal de Montréal ចុះថ្ងៃទី22 ខែកញ្ញា ឆ្នាំ2011 បានអោយដឹងថា 50%នៃគ្រួសារបច្ចុប្បន្ន លែងទទួលទានអាហារជុំគ្នា ក្នុងគ្រួសារទៀតហើយ? ទូរទស្សន៍ បែរជាអាចក្លាយខ្លួន ទៅជាសមាជិកក្នុងគ្រួសារមិនគួរអោយជឿ។
ការស្រាវជ្រាវមួយនោះ បានបង្ហាញលទ្ធផលថា ប្រជាជន1/3 សុខចិត្តមើលទូរទស្សន៍ ជាជាងជជែកពិភាក្សាគ្នា ក្នុងគ្រួសារ។
Conseil de développement de la recherche sur la famille du québec បានបញ្ជាក់បន្ថែមថា អ្វីដែលកាន់តែអាក្រក់ជាងនោះទៅទៀត គឺកុមារចាត់ទុកទូរទស្សន៍ គឺជាសមាជិកគ្រួសារ!!!
ការទទួលទានជុំគ្នាក្នុងគ្រួសារ ពិតជាមានអត្ថន័យសំខាន់ណាស់។ វាជួយបង្កើតទំនាក់ទំនង រវាងសមាជិកក្នុងក្រុមគ្រួសារ។ ទោះជាអាហារឆ្ងាញ់ រឺមិនឆ្ងាញ់ក៏ដោយ ប៉ុន្តែអាហារជុំគ្នា គឺជាការចែករំលែកមួយ ជាមួយនឹងមនុស្សពិតប្រាកដ សមាជិកគ្រួសារ ផ្លាស់ប្តូរព័តមានគ្នាទៅវិញទៅមក ពិភាក្សាគ្នា ស្តាប់គ្នា ធ្វើអោយកាន់តែយល់ពីគ្នា។ អ្វីដែលមិនគួរធ្វើនោះ គឺកុំបន្ទោសគ្នាទៅវិញទៅមក ក្នុងពេលបរិភោគ ព្រោះវានឹងធ្វើអោយសមាជិកប្រកាន់ស្អប់អាហារជុំគ្រួសារទៅវិញ។
ការសិក្សារបស់ Conseil de développement de la recherche sur la famille du québec បានដាស់តឿនថា ការទទួលទានជុំគ្នា ជួយជាកំលាំងចិត្តដល់គ្រួសារ។ ហើយការដែលទទួលទានមិនជុំគ្នា បែរជាជុំរុញអោយ យុវវ័យមានស្រ្តេស ប្រកាន់ចរិកគួរអោយបារម្ភ (ចរិកកាចសាហាវជាដើម) ហើយអាចនឹងធ្វើអោយគេបោះបង់ការរៀនសូត្រថែមទៀត។
ទោះជារវល់បែបណាក៏ដោយ អាហារមួយពេលជុំគ្នា មិនពិបាកនោះទេ។ ម្ហូបទឹកមួយចាន ម្ហូបគោកមួយចាន ផ្លែឈើមួយចាន គឺជាទំលាប់ល្អ របស់សហគមន៍ខ្មែរយើង។ សូមបន្តទទួលទានអាហារជុំគ្នា ដើម្បីជួយអោយកូនៗរបស់លោកអ្នក ទទួលបានការលើកទឹកចិត្តពីលោកអ្នកផ្ទាល់ ហើយបានទទួលជោគជ័យក្នុងការសិក្សា។
បើតាមការសិក្សាស្រាវជ្រាវបោះពុម្ពផ្សាយនៅក្នុង Journal of Behavioral Nutrition and Physical Activity បង្ហាញអោយដឹងថា ការដែលយើង មើលឃើញខ្លួនឯងមានរូបរាងយ៉ាងណានោះ អាចជួយអោយទទួលបាន ជោគជ័យ ក្នុងអំឡុងពេល ដែលយើង កំពុងតមចំណីអាហារ។

ក្រុមអ្នកស្រាវជ្រាវ នៅមហាវិទ្យាល័យ បច្ចេកទេស លីសប៊ន នៃប្រទេសព័រទុយហ្កាល់ និងនៅមហាវិទ្យាល័យបង់ហ្ក នៅ ចក្រភពអង់គ្លេស បានប្រើប្រាស់ពេល វេលារយៈពេលមួយឆ្នាំ តាមដាន ស្រ្តីចំនួន 230នាក់ ដែលមានបំណង ចង់ចាប់ផ្តើមធ្វើការតមចំណីអាហារ ដើម្បីសំរកគីឡូរបស់ពួកគេ។
អ្នកចូលរួមទាំងអស់ សុទ្ធតែត្រូវបាន ត្រួតពិនិត្យជាប្រចាំ ដោយក្រុម អ្នកជំនាញផ្នែកសុខភាព ដែលចាំជួយ ផ្តល់ដំបូន្មាន ដ៏មានអត្ថប្រយោជន៍ មានជាអាទិ៍ លើការបរិភោគចំណី អាហារ និងរបៀបគ្រប់គ្រងស្រ្តេស ផ្ទាល់ខ្លួន។ ផ្ទុយទៅវិញ គេក៏បើក ឱកាសអោយស្រ្តីចំនួនពាក់កណ្តាលក្នុងស្រ្តីទាំងនោះ ចូលរួមប្រជុំប្រចាំ សប្តាហ៍ ស្តីពីការពិនិត្យព្យាបាល លើការមើលឃើញរូបរាងខ្លួនប្រាណ របស់ខ្លួន។
នៅពេលដែលកម្មវិធីសំរកទំងន់បានបញ្ចប់ទៅនោះ ក្រុមអ្នកស្រាវជ្រាវ បានកត់សំគាល់ថា ស្រ្តី ដែលបាន ចូលរួម ការប្រជុំនិត្យព្យាបាល បានស្រកទំងន់ជាមធ្យម ដល់ទៅ 7ភាគរយនៃទំងន់ ដើមរបស់ពួកគេ ខុសពីស្រ្តី ដែលមិនបានចូលរួមប្រជុំ ប្រចាំសប្តាហ៍នោះ ដែលស្រកត្រឹមតែ 2ភាគរយប៉ុណ្ណោះ។ បើតាមការសិក្សាដដែល បញ្ជាក់ អោយដឹងថា «ការមើលឃើញ ការផ្លាស់ប្តូររូបភាពខ្លួនប្រាណយើងកាន់តែប្រសើរទៅនោះ ជួយជា កំលាំងចិត្តពិសេស ដល់អ្នកចូល រួមអោយ គិតពី សារៈសំខាន់ ក្នុង ជីវិតរស់នៅផ្ទាល់ខ្លួន»។ នៅក្នុង បរិបថបែបនេះ អ្នកចូលរួមទាំងនោះ កាន់តែរឹតបន្តឹង លើរបបចំណីអាហារ ររបស់ខ្លួនបន្ថែមទៀត។
ការសិក្សានេះ ក៏ទាញសេចក្តីសន្និដ្ឋានបានដែរថា «កម្មវិធីសំរកទំងន់នាពេលអនាគតទៅនោះ គឺចាំបាច់ត្រូវគិតទៅ ដល់វិធីសាស្រ្តពាក់ព័ន្ធនិងការតាមមើល រូបភាពខ្លួនប្រាណជាប្រចាំ»។

រដ្ឋាភិបាលគេប៊ិច ចាប់ផ្តើមយកចិត្តទុកដាក់ លើការការពារ និងការផ្សព្វផ្សាយ ពីទំលាប់រស់នៅល្អប្រសើរ (Saines habitudes de vie) ដល់ប្រជាពលរដ្ឋ។
ប៉ុន្តែ អ្វីទៅដែលហៅថា ទំលាប់រស់នៅល្អប្រសើរនោះ?
ប្រសិនបើយើងអានគេហទំព័រ http://www.saineshabitudesdevie.gouv.qc.ca/ យើងនឹងដឹងថា ទំលាប់រស់នៅល្អប្រសើរនោះ គឺជាការទទួលទានអាហារល្អ និង ការធ្វើកីឡាជាប្រចាំ។
ទំលាប់រស់នៅល្អប្រសើរ ជួយអោយប្រជាជនមានសុខភាពល្អ។ មិនត្រឹមតែប៉ុណ្ណោះទេ វាជួយកាត់បន្ថយ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺមហារីកដោះជាដើម។
នៅលើគេហទំព័រមួយនេះ លោកអ្នកអាចរកបាននូវ អត្ថបទមានប្រយោជន៍ជាច្រើន ទាក់ទងទៅនឹង រៀបចំជីវិតរបស់លោកអ្នក អោយមានសុខភាពល្អប្រសើរ ដោយមិនចាំបាច់ចំណាយប្រាក់ច្រើនទាល់តែសោះ។ ដូចជា ដើម្បីធ្វើកីឡាមួយថ្ងៃ ៣០នាទីនោះ យើងមិនត្រូវការទៅចុះឈ្មោះនៅ gym នោះទេ។ លោកអ្នកគ្រាន់តែ ចែកពេល ៣០នាទីនោះ នឹង៣ គឺបាន១០នាទី។
- ព្យាយាមចៀសវាងការប្រើជណ្តើរយន្ត ត្រូវឡើងចុះដោយជណ្តើរធម្មតា
- ឧស្សាហ៍ងើបពីកៅអី ក្នុងពេលកំពុងធ្វើការនោះ ពត់ខ្លួនពត់ប្រាណជាញឹកញាប់
- បបួលមិត្តរួមការងារ ដើរទៅទទួលទានអាហារឆ្ងាយពីកន្លែងធ្វើការ
- ចតឡាន ឆ្ងាយពីកន្លែងធ្វើការបន្តិច រួចដើរទៅធ្វើការ
- ។ល។និង។ល។
ចំណែកការទទួលទានល្អនោះ គឺសំដៅទៅលើចំណីអាហារ ដែលផ្តល់សុខភាព មិនមែនសំដៅទៅលើអាហារ ដែលមានតំលៃថ្លៃនៅសណ្ឋាគារផ្កាយ៥នោះទេ។ ដូចនេះ លោកអ្នកប្រាកដជាអាចទទួលទានបានល្អ ដោយការរៀបចំអាហារ៤ក្រុមក្នុងមួយថ្ងៃ ៖
- ផ្លែឈើមួយផ្លែ (ផ្លែប៉ម ចេក ជាដើម) រឺបន្លែចំណិតកន្លះកែវ (១២៥មល)
- ត្រី រឺសាច់ រឺស៊ុត
- គ្រាប់ធញ្ញជាតិ
- ទឹកដោះគោ (ទឹកដោះគោធម្មតា ទឹកដោះគោជូ ជាដើម)
ញាំសាច់មាន់ រឺញាំសាច់ជ្រូក រឺញាំសាច់អ្វីមួយនោះ គឺអាចចាត់ទុកជាអាហារមួយដ៏ល្អ និងមានសុខភាព ព្រោះយើងអាចទទួលទាន បន្លែឆៅយ៉ាងមានឱជារស ប្រសិនបើលោកអ្នក មិនចូលចិត្តការទទួលទានសាលាដបែបបារាំងនោះទេ។
ដើម្បីទទួលបានព័តមានបន្ថែម ក្នុងការរៀបចំជីវិតលោកអ្នក អោយមានទំលាប់រស់នៅល្អប្រសើរ សូមចូលទៅក្នុងគេហទំព័រ ៖
http://www.saineshabitudesdevie.gouv.qc.ca/
http://www.kino-quebec.qc.ca/